ស្ពានតេជោមរកត ឬ ស្ពានកោះពស់ ឆ្លងសមុទ្រ បានបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១២កក្កដា ឆ្នាំ២០១១ ក៏ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែត្រូវបានដាក់បំរាមបិទវិញ។ ការបិទស្ពានកោះពស់នោះ ធ្វើឲ្យភ្ញៀវទេសចរមានការខកចិត្ត និងរិះគន់ថា ទង្វើបែបនេះហាក់បីដូចជា បោកប្រាស់អារម្មណ៍ប្រជាពលរដ្ឋខ្មែរ ដែលកំពង់តែមានការជ្រួលជ្រើម ចង់ឃើញ និងចង់ឆ្លងកាត់ស្ពានដ៏អស្ចារ្យនោះ។
អ្នកក្រុងព្រះសីហនុបានរាយការណ៍ថា ស្ពានតេជោមរកត ឬស្ពានកោះពស់នោះ បានបិទ មិនអនុញាតឲ្យភ្ញៀវទេសចរ ឬប្រជាពលរដ្ឋកម្ពុជាឆ្លងកាត់ ដើម្បីទស្សនាបន្តទៀតទេ ចាប់តាំងពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១១។ ពិធីបើកសម្ពោធដ៏គគ្រឹកគគ្រេង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវ ធ្វើឲ្យប្រជាជនផ្អើលអស់មួយចំហៀងមេឃ ដើម្បីឡើងលើស្ពាននោះ ដោយចាត់ទុកជាសំណាងដ៏ធំទៀតផង។
ក៏ប៉ុន្តែរយៈពេលតែមួយសប្តាហ៍សោះ ស្ពានកោះពស់ ត្រូវបិទទៅវិញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១១។ ភ្ញៀវទេសចរក្នុងស្រុកមួយចំនួនធំ ដែលបានធ្វើដំណើរមកពីបណ្តាខេត្តឆ្ងាយៗ បានសំដែងការស្រងាក ខកចិត្តដោយសារមកឃើញ និងដល់គល់ស្ពានតេជោមរកតហើយ បែរជាមិនបានឡើងលើស្ពានឆ្លងសមុទ្រនោះទៅវិញ។
ដោយសារតែអន្ទះអន្ទែងមិនបានឡើងលើស្ពានថ្មឆ្លងសមុទ្រ ក្រុមអ្នកទេសចរ មិនអស់ចិត្ត ក៏បានដើរទៅពិនិត្យមើលសេចក្តីជួនដំណឹង ដែលក្រុមហ៊ុនបិទនៅមុខប៉ុស្តិ៍យាម។
ខ្លឹមសារក្នុងបំរាម មិនឲ្យឆ្លងកាត់ស្ពានតេជោមរកត ( កោះពស់ ) ត្រូវបានក្រុមហ៊ុនធ្វើតាំងពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១១ និងក៏មានឯកភាពពីលោក ស្បោង សារ៉ាត នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១១។ ពោលគឺការស្នើសុំ មិនឲ្យមានអ្នកឆ្លងកាត់ស្ពាន ធ្វើឡើង មុនថ្ងៃបើកសម្ពោធដាក់ឲ្យប្រើប្រាស់ ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស នៅថ្ងៃទី១២កក្កដា ឆ្នាំ២០១១។
ពាក់ព័ន្ធការបើកសម្ពោធ ហើយបិទស្ពានតេជោមរកតវិញនោះ មិនអាចទាក់ទងលោក ស្បោង សារ៉ាត អភិបាលខេត្តព្រះសីហនុ បានទេ នៅថ្ងៃទី២២កក្កដា ឆ្នាំ២០១១។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានរិះគន់ថា ការដាក់សម្ពោធឲ្យប្រើប្រាស់ស្ពានតេជោមរកត កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១១ អាចគ្រាន់តែជាល្បិចបញ្ឆោត ក្នុងការលក់ទីតាំងសណ្ឋាគារ ភូមិគ្រិះ និងវីឡា នៅលើដែនកោះពស់ ដែលក្រុមហ៊ុនរុស្ស៊ី បានវិនិយោគជាង ៣០០ លានដុល្លារ ក្នុងកុងត្រារយៈពេល ៩៩ ឆ្នាំ ចាប់ពីឆ្នាំ២០០៦តែប៉ុណ្ណោះ។
ស្ពានតេជោមរកត ឬ ស្ពានកោះពស់ មានប្រវែងបណ្តោយ ៩០០ ម៉ែត្រ កម្ពស់ពីផ្ទៃទឹកសមុទ្រ ៤០ ម៉ែត្រ ដោយក្រុមហ៊ុនរុស្ស៊ីបានចំណាយលុយ ២០ លានអឺរ៉ូ ដើម្បីសាងសង់ ភ្ជាប់ពីដែនឆ្នេរសមុទ្រ ជិតកំពង់ផែក្រុងព្រះសីហនុ ទៅកាន់កោះពស់។ ស្ពាននោះ ត្រូវបានដាក់សម្ពោធកាលពីថ្ងៃទី១២កក្កដា ឆ្នាំ២០១១ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន និងលោកជំទាវ៕ - See more at: http://www.cen.com.kh/localnews/details_more/135?token=MzI3YjlmZDg4ODRkYWRmNGVlMWJmNmVmYTdlMDAz#sthash.jXAJbBkK.dpuf
0 comments:
Post a Comment