កាលពីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំទី ២០១៣ ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធដាក់មជ្ឍមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែប ឲ្យប្រើប្រាស់ជាផ្លូវការ។ មជ្ឍមណ្ឌលនេះមានទីតាំងស្ថិតនៅ ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលមានចម្ងាយប្រមាណជា១៧៥ គម ពីរាជធានីភ្នំពេញ។
នៅវេលាម៉ោង ៨:៣០ ព្រឹក គណៈអធិបតី ដែលដឹកនាំដោយឯកឧត្តម អ៊ឹម សិទ្ធី
បានអញ្ជើញមកដល់មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែប ដែលមានការ ទទួលបដិសណ្ឋារកិច្ចពីសំណាក់ លោកឪពុក លី សំណាង ថ្នាក់ដឹកនាំសាលា ព្រមទាំងសិស្ស និស្សិត នៃមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែប ផងដែរ។ លោកទាវ ហេងឡាយ ជានាយកសាលា បានប្រកាសគណៈអធិបតីចូលរូម ក្នុងកម្មវិធី ធ្វើពិធីគោរពភ្លេងជាតិ ព្រមទាំងបង្ហាញគណៈអធិបតី និងភ្ញៀវកិត្តិយសទស្សនារបាំជូនពរ ជាការសំដែងផ្ទាល់ពីសំណាក់សិស្សានុសិស្ស នៃមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែបផងដែរ។
គណៈអធិបតីចូលរួមក្នុងពិធីនេះរួមមាន៖
- លោកអភិបាល អូលីវីយេ(Oliviere) អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ
- ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
- ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប
- ឯកឧត្តម ជួង ស៊ីវុទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកែប
- ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា
- លោកឪពុក John Visser តំណាងមូលនិធិ ដុន បូស្កូកម្ពុជា
- លោកឪពុក លី សំណាង(Albeiro Rodas) ប្រធានមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែប
- ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
- លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត។
ស្ថិតក្នុងពិធីនោះ ឯកឧត្តម អ៊ឹម សិទ្ធីបានមានប្រសាសន៍ថា ៖ លោកមានសេចក្តីសោមនស្សរីរាយយ៉ាងខ្លាំង ដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រីប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែប នាពេលនេះ។
លោកបានមានប្រសាសន៍បន្តទៀតថា៖ តាងនាមឲ្យក្រសួងអប់រំ យុវជន និងកីឡា និងខ្លួនលោកផ្ទាល់ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិ ដុន បូស្កូ និងលោកឪពុក លី សំណាង ដែលបានជួយសាងសង់មជ្ឈមណ្ឌលបច្ចេកទេសថ្មីនេះ នៅខេត្តកែប។ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការខិតខំប្រឹងប្រែង ប្រកបដោយគុណធម៌ របស់លោកឪពុក John Visser លោកឪពុក Leonard Ochoa បងប្រុស Roberto លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសប្បុរសជនជាច្រើនទៀត ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយ ចិត្តជួយដល់កុមារ និងយុវជនក្រីក្រកម្ពុជារយៈពេលជាង២០ ឆ្នាំមកហើយ។
ឯកឧត្តមបានមានប្រសាសន៍ជាចុងក្រោយថា៖ សូមឲ្យ សិស្សានុសិស្ស យុវជន យុវនារី ដែលកំពុងសិក្សា ក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនេះខិតខំ យកចិត្តទុកដាក់រៀនសូត្រ ស្តាប់ការទូន្មាន ប្រៀនប្រដៅ របស់លោកគ្រូ អ្នកគ្រូ និងក្រោយពេលបញ្ចប់ការសិក្សា ត្រូវខិតខំយកចំណេះដឹងដែលបានសិក្សាក្នុងមជ្ឈមណ្ឌលនេះ ទៅអនុវត្ត ដើម្បីបង្កើនជំនាញ និងចំណេះដឹងឲ្យបានច្បាស់លាស់ សម្រាប់ប្រកបរបរចិញ្ចឹមជីវិតក្នុងគ្រូសារឲ្យ កាន់តែរីកចម្រើន និងជៀសផុតពីភាពក្រីក្រ។
លោកឪពុកអធិការ ចន វីស័រ(John Visser) អ្នកតំណាងមូនិធិ ដុន បូស្កូ កម្ពុជា និងជាអធិការនៃសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ បានមានប្រសាសន៍បង្ហាញពីរបាយការណ៍ ក្នុងឆ្នាំកន្លងមក និងប្រាប់ពីប្រវត្តិខ្លះៗនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែប នេះថា បានរៀបចំអភិវឌ្ឍន៍ចាប់តាំងពីឆ្នាំ២០០០ មកម្លេះ ដែលមានលំហំដីចំនួន ៣ ហិចតា ដែលពីដើមឡើយសុទ្ធសឹងជាព្រៃរបោះក្បែរមាត់សមុទ្រប៉ុណ្ណោះ ហើយគ្រប់គ្រងដោយសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ ចាប់ពីឆ្នាំ២០០៧មក។
បន្ទាប់ពីបញ្ចប់ពិធីថ្លែងសុន្ទរកថា គណៈអធិបតី បានធ្វើពិធីកាត់ខ្សែរបូណ៌សម្ភោធដាក់ឲ្យជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែប ពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី អ៊ឹម សិទ្ធី លោកអភិបាល អូលីវីយេ ឯកឧត្តម កែន សត្ថា ។ បន្ទាប់មកគណៈអធិបតី បានអញ្ជើញទស្សនា សំណង់អគារនានា ដែលជាសមិទ្ធិផលរបស់សាលា ដុន បូស្កូ កែប ដែលសុទ្ធសឹងជាជំនួយរបស់អ្នកសប្បុរស។ ជាក់ស្តែងសំណង់អគារធំៗ ចំនួនពីរគឺអគារស្នាក់បន្ទាយស្រី ដែលបានសម្ភោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី០៧ ខែវិច្ឆកា ឆ្នាំ២០១២ ន្លងមកនេះ ក្រោមអធិបតីភាពឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងអគារមណ្ឌលអង្គរបុរី ដែលបានដាក់សម្ភោធនៅថ្ងៃនេះ។
ចាប់តាំងពីការបង្កើតមូលនិធី ដុន បូស្កូ កម្ពុជា រហូតមកដល់សព្វថ្ងៃ ក្រោមការដឹកនាំរបស់លោកឪពុក អធិការ ចន វីស័រ(John Visser) និងមានការជួយ ជ្រោមជ្រែង សហប្រតិបត្តិការ ពីបុគ្គលិកខ្មែរ ពីក្រសួងអប់រំ យុវជន និងកីឡា ពីម្ចាស់ជំនួយបរទេស និងសប្បុរសជនផ្សេងៗទៀត មូលនិធិ ដុន បូស្កូកម្ពុជា បានបង្កើតសាលាបច្ចេកទេស សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ សាលាចំនេះទូទៅរបស់ខ្លួន នៅរាជធានី-ខេត្ត មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។ លទ្ធផលជាក់ស្តែង នៅរាជធានីភ្នំពេញ ចំនួន០៣កន្លែង ខេត្តព្រះសីហនុ០១កន្លែង ខេត្តកែប០១កន្លែង ខេត្តបាត់ដំបង០២កន្លែង ខេត្តបន្ទាយមានជ័យចំនួន០១កន្លែងផងដែរ៕
0 comments:
Post a Comment