រាជធានីភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែមិថុនានេះ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលបានយកសាំងដុតរថយន្តខ្លួនឯង និងប្រើអំពើហិង្សា វាយទៅលើប្រពន្ធ បណ្តាលឱ្យបែកក្បាលហូរឈាម ព្រោះតែភ្លើងប្រចណ្ឌ។
លោកស្រី ស៊ឺ វណ្ណី ព្រះរាជអាជ្ញារង បានសម្រេចចោទប្រកាន់ឈ្មោះ គួយ ប៉េងស្រ៊ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ពីបទហិង្សាដោយចេតនា
និងធ្វើឱ្យខូចខាតដោយចេតនា។
ប្រភពព័ត៌ពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៣ ឈ្មោះ ប៉េងស្រ៊ និងប្រពន្ធឈ្មោះ លឹម សុខហៀង បានធ្វើដំណើរមកភ្នំពេញ ដើម្បីទិញគ្រឿងបន្លាស់ ម៉ាស៊ីនភ្លើង។ ពេលមកដល់ ប្រពន្ធបានឱ្យប្រាក់ប្តី១០០០ដុល្លារ។
លុះមកដល់ថ្ងៃទី៤ ខែមិថុនា ប្តីបានទាមទារប្រាក់បន្ថែមទៀត តែប្រពន្ធមិនឱ្យ ក៏កើតជារឿងឈ្លោះទាស់ទែងគ្នា រហូតបុរសជាប្តីបានប្រើអំពើហិង្សា វាយប្រពន្ធបណ្តាលឱ្យបែកក្បាលហូរឈាម និងជាំមុខជាំមាត់ ។ បន្ទាប់មកឈ្មោះ ប៉េង ស្រ៊ បានដឹកប្រពន្ធទៅព្យាបាលរបួសនៅមន្ទីរពេទ្យ រួចបើករថយន្តម៉ាកកាមរីបាឡែន ចេញទៅជាមួយប្រពន្ធវិញ ពេលមកដល់ពាក់ កណ្តាលផ្លូវ ឈ្មោះ ប៉េងស្រ៊ បានឈប់រថយន្តទិញសាំង១០លីត្រ រួចក៏បន្តដំណើរទៅមុខទៀត។ ប៉ុន្តែ ជម្លោះរវាងប្តីប្រពន្ធពុំទាន់រលត់នោះទេ ហើយបុរសជាប្តីក៏ឈប់រថយន្ត នៅមុខស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមិថុនា រួចបុរសជាប្តីបានចុះពីលើរថយន្តយកប៊ីដុងសាំងមកចាក់លើរថយន្ត និងកេះដែកកេះដុចកម្ទេចចោលតែម្តង។
ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានឃាត់ខ្លួន ទាំងពីរនាក់ប្តីប្រពន្ធយកទៅសាកសួរ រួចស្ត្រីជាប្រពន្ធបានដាក់ពាក្យប្តឹង ប្តីតែម្តង ៕អត្ថបទ ឆាយាលក្ខណ៍ និង ម៉ាក់ មេត្តា រូបភាព ម៉ាក មេត្តា។
ដក់ស្រង់ចេញពីann
0 comments:
Post a Comment